កម្លាំងរបស់អាជ្ញាធរអប្សរាប្រមាណជា១០០នាក់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ បានចុះធ្វើការរុះរើសំណង់មួយចំនួននៅក្នុងភោជនីយ៏ដ្ឋានមហាលាភ ស្ថិតក្នុងសង្កាត់ស្លក្រាម ខេត្តសៀមរាប ដែលសកម្មភាពរបស់ពួកគេត្រូវបានម្ចាស់ភោជនីយ៏ដ្ឋានអះអាងថា ធ្វើឡើងដោយមិនបានជូនដំណឹងជាមុន និងប្រៀបដូចជាការបង្រ្កាបក្រុមចោរប្លន់។
អ្នកស្រីម្ចាស់ភោជនីយ៏ដ្ឋានមហាលាភបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី២២ មីនា វេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ក្រុមអាជ្ញាធរអប្សរាប្រមាណជា១០០នាក់បានចូលមកក្នុងហាងរបស់គាត់ ដោយអ្នកខ្លះបោច អ្នកខ្លះផ្តួលរំលំសំណង់ជាខ្ចុះរបស់ភោជនីយ៏ដ្ឋាន ដែលសកម្មភាពនេះត្រូវអ្នកស្រីអះអាងថា ប្រៀបដូចជាការចុះបង្រ្កាបក្រុមចោរប្លន់ដូច្នោះដែរ។ ដោយអ្នកស្រីបានបញ្ជាក់ថា ការចុះរុះរើរបស់អាជ្ញាធរអប្សរានេះមិនបានជូនដំណឹងជាមុនឡើយ។
គួរបញ្ជាក់ថា ទីតាំងភោជនីយ៏ដ្ឋានមហាលាភនេះ ត្រូវបានអ្នកស្រីទិញតាំងពីឆ្នាំ១៩៩៤មកម្លេះ ហើយមកដល់ឆ្នាំ២០០៥ គាត់បានសាងសង់ភោជនីយ៏ដ្ឋានដោយដាក់ឈ្មោះថា «ថ្ងៃសំណាង»។ លុះក្រោយមកគាត់បានជួលភោជនីយ៏ដ្ឋាននេះទៅឲ្យអ្នកជួលម្នាក់ទៀត ដោយគេបានដាក់ឈ្មោះថា «តាឳ»។ បន្ទាប់មកអ្នកជួលនោះ ក៏បានជួលបន្តទៅឲ្យផ្សេងទៀត ដោយដាក់ឈ្មោះភោជនីយ៏ដ្ឋាននោះថា «មហាលាភ»។
ដោយសារតែខ្ចុះនៅក្នុងភោជនីយ៏ដ្ឋាននោះមិនគ្រប់គ្រាន់សម្រាប់បំរើតម្រូវការភ្ញៀវ ម្ចាស់ភោជនីយ៏ដ្ឋានក៏បានសាងសង់ខ្ចុះបន្ថែមចំនួន៤ទៀត ប៉ុន្តែការសាងសង់នោះ ត្រូវបានអាជ្ញាធរអប្សរាធ្វើការហាមឃាត់។ ដោយមិនអាចសាងសង់ខ្ចុះបន្ថែមបាន ម្ចាស់ភោជនីយ៏ដ្ឋានក៏បានស្នើសុំទៅអាជ្ញាធរអប្សរាដើម្បីធ្វើការជួសជុលខ្ចុះដែលមានស្រាប់ចំនួន១០នោះឡើងវិញ ពេលនោះ មន្រ្តីអាជ្ញាធរអប្សរាក៏បានយល់ព្រមតាមសំណើនោះ។
លុះមកដល់ថ្ងៃទី២២ មីនា ឆ្នាំ២០១១ ស្រាប់តែកម្លាំងរបស់អាជ្ញាធរអប្សរាបាននាំគ្នាមកធ្វើការរុះរើបំផ្លាញខ្ចុះទាំងនោះចោលដោយមិនបានជូនដំណឹងដល់ម្ចាស់ហាងជាមុនឡើយ។
ទាក់ទិនទៅនឹងការចោទប្រកាន់របស់អាជ្ញាធរអប្សរាដែលថា លោក អ៊ុក សឿម បានយកទាហានទៅកាងការពារមិនឲ្យមានការរុះរើនោះ ត្រូវបានវរៈសេនីយ៏ទោរូបនេះអះអាងថា វាមិនមែនជាការពិតឡើយ។ ដោយលោកបានថ្លែងថា រថយន្តរបស់សេនាធិការរងដែលឈប់នៅខាងមុខហាងនោះ គឺតៃកុងឡាននេះមកសុំប័ណ្ណចាក់សាំងពីគាត់តែប៉ុណ្ណោះ។ ចំណែកឯរថយន្តធំមួយគ្រឿងទៀតជារបស់ភូមិភាគ៤នោះ គឺគ្រាន់តែបើកមកឈរមើលតែប៉ុណ្ណោះ។
ចំពោះបញ្ហានេះ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាបានថ្លែងថា ករណីនេះលោកពុំបានដឹងច្បាស់ទេ តែបើជាទូទៅក្នុងតំបន់អង្គរដែលការពារដោយព្រះរាជក្រឹត្យ បានបញ្ញាតិមិនឲ្យមានការសាងសង់ ហើយរាល់ការសាងសង់ណាដែលគ្មានការអនុញ្ញាតិពីអាជ្ញាធរអប្សរា គឺអាជ្ញាធរនឹងចុះធ្វើការណែនាំ។ ហើយបើនៅតែមិនបញ្ឈប់សកម្មភាពទេ អាជ្ញាធរនឹងចុះធ្វើការរុះរើទៅតាមផ្លូវច្បាប់៕




